សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃអនុម័តទិដ្ឋាការ១០ឆ្នាំ ដើម្បីទាក់ទាញវិនិយោគ និងអ្នកមានទេព្យកោសល្យ
17, May 2024 , 10:29 pm        
រូបភាព
នាយករដ្ឋមន្ដ្រីថៃ សេដ្ឋា ថាវីស៊ីន ទទួលអ្នកដំណើរនៅព្រលានយន្តហោះ ។រូបភាព ៖ Xinhua
នាយករដ្ឋមន្ដ្រីថៃ សេដ្ឋា ថាវីស៊ីន ទទួលអ្នកដំណើរនៅព្រលានយន្តហោះ ។រូបភាព ៖ Xinhua
ថៃបានអនុម័តគោលនយោបាយទិដ្ឋាការរយៈពេល ១០ឆ្នាំ និងការលើកទឹកចិត្តផ្នែកពន្ធសម្រាប់ធនធានមនុស្សបរទេសដែលមានសមត្ថភាពខ្ពស់ ដើម្បីទាក់ទាញអ្នកមានទេពកោសល្យ និងដើមទុនវិនិយោគ។

 
ប្រទេសអាស៊ានជាច្រើនកំពុងអនុវត្តគោលនយោបាយអនុគ្រោះទិដ្ឋាការ ដោយផ្តល់សិទ្ធិស្នាក់នៅរយៈពេលវែងដល់អ្នកវិនិយោគ និងបុគ្គលិកដែលមានសមត្ថភាពខ្ពស់ ជាពិសេសក្នុងបរិបទនៃការប្រកួតប្រជែងធនធានមនុស្សក្នុងឧស្សាហកម្មបច្ចេកវិទ្យាថ្មី។
 
ថ្មីៗនេះ គណៈរដ្ឋមន្ត្រីថៃទើបតែបានអនុម័តទិដ្ឋាការពិសេស សម្រាប់នាយកប្រតិបត្តិ និងអ្នកជំនាញដែលធ្វើការនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) របស់ប្រទេសនេះ។ ទិដ្ឋាការពិសេសនេះ មានបំណងទាក់ទាញអ្នកជំនាញក្នុងវិស័យផ្សេងៗមកកាន់តំបន់ EEC ។ នេះបើតាមកាសែត Bangkok Post នៅថ្ងៃទី១៥ ខែឧសភា។ 
 
ទិដ្ឋាការពិសេសនេះ មានសុពលភាពរយៈពេល ១០ឆ្នាំ ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់កាន់ចូល និងចេញថៃបានច្រើនដង លើកលែងតែកុំឲ្យលើសកិច្ចសន្យាការងារកំណត់។ ក្នុងអំឡុងពេលចេញទិដ្ឋាការដំបូង អនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូល និងស្នាក់នៅថៃបានរហូតដល់៥ឆ្នាំ។
 
បន្ថែមពីនេះ អ្នកជំនាញដែលរស់នៅ និងធ្វើការនៅតំបន់ EEC ក៏ទទួលបានអត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនពិសេស ១៧ភាគរយ បើប្រៀបធៀបទៅនឹងអត្រាពន្ធលើប្រាក់ចំណូលបច្ចុប្បន្នដែលមានអត្រាអតិបរមា ៣៥ភាគរយ។
 
ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ជា​តំបន់​សេដ្ឋកិច្ច​មួយ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ភាគ​ខាង​កើត​ចំនួន​បី​របស់​ថៃ ​រួម​មាន​ខេត្ត Rayong​, Chonburi និង Chachoengsao។ ថៃដាក់គោលដៅក្នុងអំឡុងឆ្នាំ២០២៣-២០២៧ ថា  តំបន់ EEC នឹងទាក់ទាញទុនវិនិយោគសរុបប្រចាំឆ្នាំជាមធ្យមប្រហែល ២,៨ពាន់លានដុល្លារ។ វិស័យសំខាន់ៗដែលទាក់ទាញការវិនិយោគនៅតំបន់ EEC រួមមាន សេវាសុខភាព ឌីជីថល យានយន្តអគ្គិសនី ជីវបច្ចេកវិទ្យា និងសេដ្ឋកិច្ចបៃតង៕ 
 

Tag:
 ថៃ
  ទិដ្ឋាការ
  វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com